Connect with us

កំសាន្ត&ប្លែកៗ

រឿងពេទ្យបង្អែក ១កន្លែងយកថ្លៃធ្វើតេស្តម្នាក់ ៦ម៉ឺនលើមនុស្ស ៣៩នាក់រកឃើញការពិតហើយ….

Published

on

ស្នងការនគរបាលខេត្តកណ្តាល បានចុះស្រាវជ្រាវ និងដោះស្រាយជាបន្ទាន់លើករណីដែលបានកើតឡើងលើពលរដ្ឋក្នុងភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីមានគេហព័រហ្វេសបុកមួយឈ្មោះ Fun Moments បានបង្ហោះថា ពលរដ្ឋត្រូវបង់ម្នាក់ ៦ម៉ឺនរៀល ក្នុងការធ្វើតេស្តរកជំងឺកូវីដ១៩ ដែលសូម្បីតែក្មេងក៏គិតលុយដែរ។

នេះបើតាមប្រភពព័ត៌មានផ្លូវការពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដែលជាលទ្ធផល គឺនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ដើម្បីសាកសួរព័ត៌មានជុំវិញករណីដែលបានបង្ហោះផ្សព្វផ្សាយនោះ ពិតជាមានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហេីយបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន២០គ្រួសារ មនុស្ស ៨៩នាក់ ស្រី៤២នាក់ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀលពិតប្រាកដមែន។

នៅថ្ងៃបន្ទាប់ ទី ២៤ ខែមិថុនា ឆ្នាំ២០២១ ជាដំណោះស្រាយ ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន២០គ្រួសារនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកាដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ។ ៕

Trending

Copyright © 2020