ឧបករណ៍សម្អាតមហាសមុទ្រទទួលបានជោគជ័យ លើការប្រមូលសំរាមប្លាស្ទិចចេញពីសមុទ្រជាលើកដំបូង

ឧបករណ៍សម្អាតមហាសមុទ្របានប្រមូលប្លាស្ទិច និងអាចគ្រប់គ្រង (ស្ទុកទុកក្នុងទឹកមុនពេលស្រង់ឡើងគោក) ដោយជោគជ័យជាលើកដំបូងបំផុត។ ឧបករណ៍ដែលដូចជាពោងតូចៗអណ្តែតទឹកនេះ ត្រូវបានរចនាឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រហូឡង់ ក្នុងគោលបំណងដើម្បីសម្អាតកម្ទេចសំរាមដែលអណ្តែតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលជារួមគឺមហាសមុទ្រនេះមានទំហំធំជាងប្រទេសបារាំងដល់ទៅបីដង។ នេះជាការព្យាយាមលើកទី២ ទម្រាំពួកគេទទួលបានជោគជ័យ ខណៈលើកទី១ គឺបរាជ័យមិនអាចប្រមូលសំរាមបានទេ។ ក្រោយមកបន្ទាប់ពីមានដំណោះស្រាយលើបច្ចេកទេសរួច ពួកគេក៏អាចបង្កើតបានជាឧបករណ៍ប្រវែង ៦០០ម៉ែត្រ នេះឡើង។

យោងតាមរបាយការណ៍បានបង្ហាញថា ចន្លោះពី ៦០០,០០០ ទៅ ៨០០,០០០តោន នៃឧបករណ៍នេសាទត្រូវបានបាត់ ឬបោះបង់ចោលជារៀងរាល់ឆ្នាំ ខណៈពេលដែលកាកសំណល់ប្លាស្ទិចចំនួន ៨លានតោន ផ្សេងទៀតត្រូវបានទឹកនាំពីឆ្នេរចូលសមុទ្រ។ លទ្ធផលជោគជ័យនេះបានធ្វើឱ្យអ្នកបង្កើតគម្រោងសម្អាតសមុទ្រ Boyan Slat ចែករំលែកនូវរបកគំហើញដ៏ធំមួយនេះនៅលើ Twitter។ ដោយបង្ហោះរូបថតនៃកម្ទេចកម្ទី លោកបានសរសេរថា៖ “ប្រព័ន្ធសម្អាតមហាសមុទ្ររបស់យើងឥឡូវនេះចាប់បានប្លាស្ទិច មានតាំងពីអួនបោះចោល រហូតដល់កម្ទេចមីក្រូតូចៗ! តើមានអ្នកណាបាត់កង់ដែរ ឬទេ?” ។ នេះគឺជាជោគជ័យដំបូងបំផុតចាប់តាំងពីគាត់បានចាប់ផ្ដើមគម្រោងនេះក្នុងរយៈពេល ៧ឆ្នាំ ហើយក្រុមរបស់គាត់ក៏កំពុងស្វែងរកការរចនាថ្មីៗ ដើម្បីឱ្យឧបករណ៍អាចរក្សាទុកសំរាមរហូតដល់មួយឆ្នាំ មុនពេលដែលវាត្រូវយកចេញពីទឹក៕

Leave a Reply